តើអ្នកដឹងទេថា អ្នកអាចទុកគ្រាប់ពូជរបស់អ្នកក្នុងទូរទឹកកកបានរាប់ឆ្នាំ?

ការប្រមូលនិងរក្សាទុកគ្រាប់ពូជគឺជាមធ្យោបាយដ៏ល្អមួយដើម្បីបន្តការបន្តពូជរបស់រុក្ខជាតិដែលពិបាករក។ ការផ្ទុកគ្រាប់ពូជតម្រូវឱ្យមានសីតុណ្ហភាពត្រជាក់ សំណើមទាបនិងគ្មានពន្លឺចូល។ គ្រាប់ពូជនីមួយៗមានភាពខុសប្លែកគ្នាដូច្នេះរយៈពេលជាក់លាក់នៃការរក្សាទុកគ្រាប់ពូជប្រែប្រួលទៅតាមប្រភេទប៉ុន្តែភាគច្រើនយើងអាចទុកវាបានរយៈពេលយ៉ាងហោចណាស់មួយរដូវកាល។ គ្រាប់ពូជខ្លះអាចរក្សាទុកបានពី 3 ទៅ 4 ឆ្នាំ ដូចជា៖ asparagus សណ្តែក ប្រូខូលី ការ៉ុត celery ស្ពៃខ្មៅ ស្ពៃក្តោប ត្រសក់ ឆៃថាវ ត្រប់ សាឡាត់ ប៉េងប៉ោះជាដើម។ តោះមកស្វែងយល់ពីរបៀបរក្សាទុកគ្រាប់ពូជទាំងអស់គ្នា។ 5 ជំហានក្នុងការរក្សាទុកគ្រាប់ពូជរបស់អ្នក៖ 1. ការសម្ងួតគ្រាប់ពូជ ជំហានដំបូងនេះសំខាន់ណាស់ព្រោះបើវាមិនស្ងួតល្អនោះ គ្រាប់ពូជអ្នកនឹងមិនមានគុណភាពល្អព្រមទាំងទុកមិនបានយូរផងដែរ។ យកគ្រាប់ពូជរបស់អ្នកមកហាលឱ្យស្ងួតរយៈពេលចាប់ពី 1 សប្តាហ៍ឡើងទៅរហូតដល់គ្រាប់ស្ងួតល្អ។ 2. រកកន្លែងដាក់ដែលគ្មានខ្យល់ចូល អ្នកត្រវរកប្រអប់ឬក្រឡកែវសម្រាប់ដាក់គ្រាប់ពូជរបស់អ្នកក្នុងនោះកុំឱ្យមានខ្យល់ចូលឱ្យសោះ។ 3. ដាក់ប្រអប់គ្រាប់ពូជនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ ដើម្បីរក្សាគ្រាប់ពូជអ្នកឱ្យបានយូរ គួរយកវាទៅដាក់ទុកនៅទីកន្លែងដែលបានសីតុណ្ហភាពត្រជាក់ដូចជាក្នុងទូរទឹកកក បន្ទាប់ពីដាក់វាចូលក្នុងប្រអប់ឬក្រលររួច។ 4. រៀបគ្រាប់ពូជ បន្ទាប់ពីអ្នកបានដាក់វាក្នុងប្រអប់ស្រួលបួលរួចគួរសរសេរឈ្មោះនិងថ្ងៃខែរបស់គ្រាប់ពូជនីមួយៗដើម្បីស្រួលរកនិងចំណាំវា។ 5. ការរៀបចំយកគ្រាប់មកដាំ ពេលអ្នកចង់យកគ្រាប់ពូជនោះចេញមកដាំ ដំបូងគឺយកវាចេញពីទូទឹកកកហើយទុកចោលមួយឡែកឱ្យវាបាត់ត្រជាក់មកចុះកម្តៅស្មើនិងសីតុណ្ហភាពនៅខាងក្រៅសិន។ បើមិនដូច្នេះទេ សំណើមនៅក្នុងខ្យល់នឹងធ្វើឱ្យគ្រាប់ពូជស្អិតជាប់គ្នា។